ទទួលជំនួយក្នុងអំឡុងគ្រោះអាសន្ន
លេខសូន្យបីដង
ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ភ្លាមៗ សូមទូរសព្ទទៅលេខ 000។
បណ្តាញទូរសព្ទជំនួយសង្រ្គោះបន្ទាន់រដ្ឋវិកថូរៀ (VicEmergency Hotline)
បណ្តាញទូរសព្ទជំនួយសង្រ្គោះបន្ទាន់រដ្ឋវិកថូរៀ ផ្តល់ជូនព័ត៌មានសំខាន់រួមទាំងមុនពេល ក្នុងអំឡុងពេល និងក្រោយពេលគ្រោះអាសន្នធំៗដូចជាខ្យល់ព្យុះ អគ្គិភ័យ និងទឹកជំនន់។ ការផ្តល់ព័ត៌មាននេះក៏រួមមានការព្រមាននានា និងព័ត៌មានអំពីគ្រោះអាសន្ន។
សូមទូរសព្ទទៅបណ្តាញទូរសព្ទជំនួយសង្រ្គោះបន្ទាន់រដ្ឋវិកថូរៀតាមលេខ 1800 226 226។
អ្នកក៏អាចទូរសព្ទទៅសេវាកម្មបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ ផងដែរតាមលេខ 131 450 ហើយស្នើឱ្យពួកគេទូសព្ទទៅបណ្តាញទូរសព្ទជំនួយសង្រ្គោះបន្ទាន់រដ្ឋវិកថូរៀ (VicEmergency Hotline)។
សេវាកម្មសង្រ្គោះបន្ទាន់របស់រដ្ឋ
សេវាកម្មសង្រ្គោះបន្ទាន់របស់រដ្ឋ (SES) អាចជួយគ្រប់ទីកន្លែងនៅទូទាំងរដ្ឋវិកថូរៀក្នុងអំឡុងពេល ឬក្រោយពេលមានគ្រោះទឹកជំនន់ ខ្យល់ព្យុះ បាក់ដី រលកយក្សស៊ូណាមិ ឬរញ្ជួយដី។
សូមទូរសព្ទទៅ SES តាមលេខ 132 500 ប្រសិនបើ ៖
- មានដើមឈើរលំ និងបណ្តាលឱ្យខូចខាតគ្រោងផ្ទះ ឬរថយន្តរបស់អ្នក
- មានការខូចខាតដំបូលផ្ទះ ឬមានលិចទឹកធ្ងន់ធ្ងរពីដំបូល
- មានដើមឈើ ឬមែកឈើធំបាក់ធ្លាក់ និងរារាំងអ្នកមិនអាចចាកចេញ ឬចូលផ្ទះបាន
- ផ្ទះរបស់អ្នកមានទឹកលិច ឬទឹកហៀបនឹងលិច។
ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ សូមស្នើសុំពីប្រតិបត្តិករ SES នៅពេលអ្នកទូរសព្ទទៅពួកគេ។
ទទួលបានព័ត៌មានជាភាសារបស់អ្នកនៅលើគេហទំព័រ VICSES។
ទទួលបានជំនួយភ្លាមៗបន្ទាប់ពីគ្រោះអាសន្ន
មជ្ឈមណ្ឌលជំនួយសង្រ្គោះបន្ទាន់
មជ្ឈមណ្ឌលជំនួយសង្រ្គោះបន្ទាន់ជាកន្លែងសុវត្ថិភាពមួយដែលអ្នកអាចទៅដើម្បីស្វែងរកជំនួយក្នុងអំឡុងពេល និងក្រោយពេលមានគ្រោះអាសន្ន។ មជ្ឈមណ្ឌលទាំងនេះផ្តល់សេវាកម្មគាំទ្រចាំបាច់នានាដូចជាម្ហូបអាហារ សំលៀកបំពាក់ ភួយ ការសង្រ្គោះបឋម ទីជំរកសង្គ្រោះបន្ទាន់ និងព័ត៌មាន។
ទីតាំងមជ្ឈមណ្ឌលជំនួយសង្រ្គោះបន្ទាន់មានចុះបញ្ជីនៅលើគេហទំព័រ VicEmergency។
លំនៅដ្ឋានសង្គ្រោះបន្ទាន់
ប្រសិនបើអ្នកត្រូវការកន្លែងស្នាក់នៅបន្ទាប់ពីគ្រោះអាសន្ន សូមទាក់ទងសាលាក្រុងក្នុងមូលដ្ឋានរបស់អ្នកដើម្បីសុំជំនួយ ឬទៅកាន់មជ្ឈមណ្ឌលជំនួយសង្រ្គោះបន្ទាន់។
អ្នកក៏អាចទូរសព្ទទៅសេវាកម្មបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ផងដែរតាមលេខ 131 450 រួចស្នើសុំជំនួយបកប្រែព័ត៌មានពីសាលាក្រុងក្នុងមូលដ្ឋានរបស់អ្នកអំពីលំនៅដ្ឋានសង្គ្រោះបន្ទាន់។
ការដាច់ភ្លើង និងការរំខាននានាក្នុងការផ្គត់ផ្គង់អគ្គិសនី
ការដាច់ភ្លើង និងការរំខាននានាក្នុងការផ្គត់ផ្គង់អគ្គិសនីអាចកើតមានដោយសារអាកាសធាតុធ្ងន់ធ្ងរ រួមមានផ្លេកបន្ទោរ ទឹកជំនន់ រលកកម្តៅ ភ្លើងឆេះព្រៃ ឬខ្យល់បក់ខ្លាំង។
ប្រសិនបើមានការដាច់ភ្លើង សូមទាក់ទងអាជីវកម្មចែកចាយភ្លើងរបស់អ្នកដើម្បីស្នើសុំពេលវេលាដែលអាចភ្ជាប់ភ្លើងឡើងវិញ។
ប្រាក់ឧបត្ថម្ភការលំបាកក្នុងគ្រាអាសន្ន
ប្រសិនបើផ្ទះរបស់អ្នករងផលប៉ះពាល់ដោយគ្រោះអាសន្នធ្ងន់ធ្ងរ អ្នកអាចមានសិទ្ឋិទទួលបានប្រាក់ឧបត្ថម្ភការលំបាកក្នុងគ្រាអាសន្នពីរដ្ឋាភិបាលរដ្ឋវិកថូរៀ។ អ្នកមិនចាំបាច់សងប្រាក់ឧបត្ថម្ភនេះវិញទេ។
អាចមានប្រាក់ឧបត្ថម្ភចំនួន2ប្រភេទ ៖
- ប្រាក់ឧបត្ថម្ភជំនួយសង្រ្គោះបន្ទាន់
- ជំនួយក្នុងការតាំងលំនៅឡើងវិញក្នុងគ្រាអាសន្ន។
អ្នកអាចដាក់ពាក្យសុំដោយទូរសព្ទទៅ បណ្តាញទូរសព្ទជំនួយសង្រ្គោះបន្ទាន់រដ្ឋវិកថូរៀ តាមលេខ 1800 226 226។
ប្រាក់ឧបត្ថម្ភផ្សេងៗទៀត
អ្នកក៏អាចមានសិទ្ឋិទទួលបានប្រាក់ឧបត្ថម្ភ ឬសេវាកម្មផ្សេងទៀតផងដែរពីរដ្ឋាភិបាលអូស្ត្រាលីបន្ទាប់ពីគ្រោះមហន្តរាយ។
សូមមើល សេវាកម្មអូស្ត្រាលី (Service Australia) ហើយជ្រើសរើស 'បកប្រែ' ដើម្បីស្វែងយល់បន្ថែមអំពី៖
- ប្រាក់ឧបត្ថម្ភស្តារឡើងវិញពីមានគ្រោះមហន្តរាយពីរដ្ឋាភិបាលអូស្ត្រាលី
- ប្រាក់ឧបត្ថម្ភស្តារឡើងវិញពីគ្រោះមហន្តរាយ
- ប្រាក់ឧបត្ថម្ភជំនួយគ្រោះមហន្តរាយ (សំឡេង)
- ប្រាក់ឧបត្ថម្ភគ្រោះមហន្តរាយធម្មជាតិ (សំឡេង)
ការគាំទ្រសុខុមាលភាព
ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារព្រឹត្តិការណ៍សង្គ្រោះបន្ទាន់ អាចមានប្រតិកម្មលាយឡំទាំងរាងកាយ ផ្លូវចិត្ត និងអារម្មណ៍។
សូមមើលព័ត៌មានរបស់ ក្រសួងគ្រួសារ យុត្តិធម៌ និងលំនៅដ្ឋាន ដើម្បីមើលព័ត៌មានដែលបានបកប្រែរួចអំពីការគ្រប់គ្រងសុខុមាលភាពផ្លូវអារម្មណ៍របស់អ្នក និងការទទួលបានប្រាក់ឧបត្ថម្ភការលំបាកក្នុងគ្រាអាសន្នរដ្ឋវិកថូរៀ។
រក្សាសុវត្ថិភាពនៅពេលត្រឡប់មកផ្ទះវិញ
បន្ទាប់ពីភ្លើងឆេះព្រៃ ទឹកជំនន់ ឬខ្យល់ព្យុះ ស្ថានភាពនានាអាចនៅតែនៅមានគ្រោះថ្នាក់។
ប្រសិនបើអ្នកបានជម្លៀសចេញ សូមកុំទាន់ត្រឡប់មកផ្ទះវិញរហូតដល់សេវាកម្មសង្គ្រោះបន្ទាន់ប្រកាសថាមានសុវត្ថិភាពនឹងធ្វើដូច្នោះ។ ពិនិត្យមើលប្រភពបង្កគ្រោះថ្នាក់នានាដូចជាអគារខូចខាត ដើមឈើបាក់ និងទឹកដែលគ្មានសុវត្ថិភាព។
តាមដានព័ត៌មានជាប់ជានិច្ច គោរពតាមការណែនាំរបស់សេវាកម្មសង្គ្រោះបន្ទាន់ និងស្វែងរកជំនួយប្រសិនបើចាំបាច់។
បន្ទាប់ពីភ្លើងឆេះព្រៃ
- ត្រូវរង់ចាំរហូតដល់សេវាកម្មសង្គ្រោះបន្ទាន់បញ្ជាក់ថាមានសុវត្ថិភាព។
- ត្រូវប្រុងប្រយ័ត្នចំពោះដើមឈើទាំងឡាយដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះ ផ្លូវថ្នល់ ឬផ្លូវដើរដែលខូចខាត។
- ប្រសិនបើមានសារធាតុអាសបេស្តុស (asbestos) រងការខូចខាត ត្រូវជួលអ្នកសម្អាតដែលមានអាជ្ញាប័ណ្ណ។
បន្ទាប់ពីគ្រោះទឹកជំនាន់
- ត្រឡប់មកវិញប៉ុណ្ណោះនៅពេលណាសេវាកម្មសង្គ្រោះបន្ទាន់និយាយថាវាមានសុវត្ថិភាព។
- ស្នើសុំឱ្យជាងមានគុណសម្បត្តិពិនិត្យថាឧស្ម័ន និងអគ្គិសនីមានសុវត្ថិភាព។
- ត្រូវប្រុងប្រយ័ត្នចំពោះសារធាតុអាសបេស្តុស ទឹកលូលេច និងផ្សិត។
បន្ទាប់ពីខ្យល់ព្យុះ
- រង់ចាំសេវាកម្មសង្គ្រោះបន្ទាន់ប្រកាសថាអ្វីៗគ្រប់យ៉ាងមានសុវត្ថិភាព។
- ត្រូវស្ថិតនៅចំងាយយ៉ាងតិចពី 8 ទៅ 10ម៉ែត្រពីខ្សែភ្លើងដែលដាច់ធ្លាក់។
- ត្រូវប្រុងប្រយ័ត្នចំពោះមែកឈើបាក់ ដើមឈើរលំ និងកម្ទេចកម្ទីខ្យល់ព្យុះ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល៖
- បន្ទាប់ពីអគ្គិភ័យ៖ ការត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព
- បន្ទាប់ពីគ្រោះទឹកជំនន់ ការត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព
- សុវត្ថិភាព ថាម ពលនៅ ពេល ត្រឡប់ មក ផ្ទះ របស់ អ្នក វិញ
- ការដាច់ភ្លើង៖ ការប្រើប្រាស់ឥន្ធនៈជំនួស និងការប្រើប្រាស់ម៉ាស៊ីនភ្លើងដោយសុវត្ថិភាព
ទទួលជំនួយរយៈពេលវែងបន្ទាប់ពីគ្រោះអាសន្ន
បណ្តាញទូរសព្ទជំនួយការស្តារឡើងវិញបន្ទាប់ពីគ្រោះអាសន្ន
ការស្តារឡើងវិញបន្ទាប់ពីគ្រោះអាសន្នរដ្ឋវិកថូរៀ (Emergency Recovery Victoria) ភ្ជាប់មនុស្សទៅកាន់ជំនួយដែលអាចរកបានបន្ទាប់ពីគ្រោះមហន្តរាយដូចជាភ្លើងឆេះព្រៃ ខ្យល់ព្យុះ ឬទឹកជំនន់។
បណ្តាញទូរសព្ទជំនួយការស្តារឡើងវិញបន្ទាប់ពីគ្រោះអាសន្នអាចជួយអ្នកជាមួយព័ត៌មានអំពី៖
- សេវាកម្មនានាដើម្បីគាំទ្រការស្តារឡើងវិញរបស់អ្នក
- ការទាមទារសំណងពីក្រុមហ៊ុនធានារ៉ាប់រង
- សេវាកម្មសុខភាពផ្លូវចិត្ត ឬសុខមាលភាព
- ជំនួយផ្លូវច្បាប់
សូមទូរសព្ទទៅបណ្តាញទូរសព្ទជំនួយការស្តារឡើងវិញបន្ទាប់ពីគ្រោះអាសន្ន តាមលេខ 1800 560 760។ ចុចលេខ 9 ដើម្បីស្នើសុំអ្នកបកប្រែផ្ទាល់មាត់។
ជំនួយការស្តារឡើងវិញ
សេវាកម្មនានាខាងក្រោមនេះតែងតែមានជាស្រេចដើម្បីជួយដល់ការស្តារឡើងវិញរបស់អ្នកបន្ទាប់ពីគ្រោះអាសន្ន ដូចជាខ្យល់ព្យុះ ភ្លើងឆេះព្រៃ ឬទឹកជំនន់។
Lifeline (បណ្តាញទូរសព្ទសង្រ្គោះជីវិត)
Lifeline គឺជាអង្គការមនុស្សធម៌ផ្តល់ជូនពលរដ្ឋអូស្ត្រាលីគ្រប់រូបដែលជួបប្រទះភាពតានតឹងផ្លូវអារម្មណ៍ ដោយមានការជួយគាំទ្រ 24ម៉ោង និងសេវាកម្មទប់ស្កាត់ការធ្វើអត្តឃាត។
សូមចូលមើល lifeline.org.au ឬទូរសព្ទទៅលេខ 13 11 14។
របៀបទូរសព្ទទៅ lifeline ដោយមានអ្នកបកប្រែផ្ទាល់មាត់៖
- ទូរសព្ទទៅលេខ 131 450 (គិតថ្លៃហៅទូរសព្ទក្នុងតំបន់)
- និយាយឈ្មោះភាសារបស់អ្នក
- និយាយពាក្យ ‘Lifeline 13 11 14’
- រង់ចាំឱ្យគេភ្ជាប់ទូរសព្ទ
- និយាយទៅកាន់អ្នកគាំទ្រក្នុងពេលមានវិបត្តិរបស់ Lifeline ជាភាសារបស់អ្នក។
បណ្តាញទូរសព្ទសម្រាប់ឪពុកម្ដាយ
បណ្តាញទូរសព្ទសម្រាប់ឪពុកម្តាយ គឺជាសេវាកម្មតាមទូរសព្ទរក្សាការសម្ងាត់សម្រាប់ឪពុកម្តាយ និងឬអ្នកថែទាំកុមារចាប់ពីពេលកើត រហូតដល់អាយុ18ឆ្នាំ។ ពួកគេផ្តល់ការប្រឹក្សាយោបល់ ឬការគាំទ្រដោយមិនបញ្ចេញឈ្មោះលើបញ្ហាចិញ្ចឹមកូន។
ពួកគេក៏អាចជួយឪពុកម្តាយ ឬអាណាព្យាបាលដែលមិនចេះនិយាយភាសាអង់គ្លេសឱ្យទទួលបានសេវាកម្មបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ផងដែរ។
សូមមើល ព័ត៌មានដែលបានបកប្រែរួច ពីបណ្តាញទូរសព្ទសម្រាប់ឪពុកម្តាយ ឬទូរសព្ទទៅលេខ 13 22 89។
បណ្តាញទូរសព្ទជំនួយកុមារ (Kids Helpline)
បណ្តាញទូរសព្ទជំនួយកុមារគឺជាសេវាកម្មតាមអនឡាញ និងតាមទូរសព្ទមិនគិតថ្លៃ និងរក្សាការសម្ងាត់ 24/7 សម្រាប់មនុស្សវ័យក្មេងអាយុពី5 ទៅ 25ឆ្នាំ។
សូមមើល kidshelpline.com.au ឬទូរសព្ទទៅលេខ 1800 55 1800។ ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ សូមទូរសព្ទទៅកាន់សេវាកម្មជាតិបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ (National Translating and Interpreting Service) តាមលេខ 131 450 ហើយស្នើសុំនិយាយទៅកាន់ Kids Helpline។
NURSE-ON-CALL (គិលានុប្បដ្ឋាកប្រចាំការតាមទូរសព្ទ)
NURSE-ON-CALL គឺជាសេវាកម្មតាមទូរសព្ទផ្តល់ជូនដំបូន្មានជំនាញភ្លាមៗពីគិលានុប្បដ្ឋាកដែលបានចុះបញ្ជីស្របច្បាប់ ដំណើរការ24ម៉ោងក្នុងមួយថ្ងៃ និង7ថ្ងៃក្នុងមួយសប្តាហ៍។
សូមចូលមើល healthdirect.gov.au/nurse-on-call ឬទូរសព្ទទៅលេខ 1300 60 60 24។
ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ សូមទូរសព្ទទៅ សេវាកម្មជាតិបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ (National Translating and Interpreting Service) តាមលេខ 131 450 ហើយស្នើសុំនិយាយទៅ NURSE-ON-CALL។
Safe Steps (ជំហានសុវត្ថិភាព)
Safe Steps គឺជាសេវាកម្មវិបត្តិហិង្សាក្នុងគ្រួសាររបស់រដ្ឋវិកថូរៀ ផ្តល់សេវាកម្ម 24/7 ដោយផ្តល់ការគាំទ្រតាមរយៈ
សេវាកម្មតាមទូរសព្ទ។ បណ្តាញទូរសព្ទសម្រាប់ពេលមានវិបត្តិរបស់ពួកគេ ឆ្លើយតបដោយអ្នកជំនាញផ្នែកវិបត្តិហិង្សាក្នុងគ្រួសារដែលមានការបណ្តុះបណ្តាល មានបទពិសោធន៍ និងប្រកបដោយក្តីមេត្តា។
សូមចូលមើល safesteps.org.au ឬទូរសព្ទទៅលេខ 1800 015 188។
ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ អ្នកអាច៖
- ទូរសព្ទទៅបណ្តាញទូរសព្ទសម្រាប់ពេលមានវិបត្តិ តាមលេខ 1800 015 188
- អ៊ីមែល safesteps@safesteps.org.au
- ផ្ញើសារតាមរយៈ Web Chat safesteps.org.au/live-chat
ពួកគេនឹងត្រូវការដឹង៖
- ភាសាដែលអ្នកចង់និយាយ
- លេខទូរសព្ទដែលពួកគេអាចទូរសព្ទទៅអ្នកវិញ
- ពេលវេលាមានសុវត្ថិភាពដែលគេអាចទូរសព្ទមកអ្នកវិញ។
ឬអ្នកអាចចូលមើលគេហទំព័ររបស់ពួកគេ ហើយជ្រើសរើស ‘accessibility menu’ ដើម្បីស្វែងរកភាសារបស់អ្នក។
Orange Door (ទ្វារពណ៌ទឹកក្រូច)
Orange Door ផ្តល់សេវាកម្មនានាដល់មនុស្សពេញវ័យ កុមារ និងមនុស្សវ័យក្មេងដែលពាក់ព័ន្ធនឹងស្ថានភាពហិង្សាក្នុងគ្រួសារ។
សេវាកម្មនេះដំណើរការពីម៉ោង9ព្រឹកដល់ម៉ោង5ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (មិនធ្វើការនៅថ្ងៃឈប់សម្រាកសាធារណៈទេ)។
ស្វែងរកតាមទីតាំង ឬតាមលេខប្រៃណីយ៍ ដើម្បីស្វែងរកសេវាកម្មក្នុងមូលដ្ឋានរបស់អ្នក។
សូមចូលមើល Orange Door ដើម្បីស្វែងរកព័ត៌មានជាភាសារបស់អ្នក។
ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ សូមប្រាប់សេវាកម្មឱ្យដឹង៖
- លេខទូរសព្ទរបស់អ្នក
- ឈ្មោះភាសារបស់អ្នក
- ពេលណាដែលមានសុវត្ថិភាពអាចទូរសព្ទទៅអ្នកវិញ។
អ្នកបកប្រែផ្ទាល់មាត់នឹងទូរសព្ទទៅអ្នកវិញ។
មជ្ឈមណ្ឌលសុខភាពផ្លូវចិត្ត និងសុខុមាលភាព
មជ្ឈមណ្ឌលសុខភាពផ្លូវចិត្ត និងសុខុមាលភាពអាចជួយអ្នកជាមួយនឹងបញ្ហាជាច្រើន រួមមាន៖
- ភាពអន្ទះសារផ្លូវចិត្ត
- ភាពគ្មានផ្ទះសម្បែង
- ការលំបាកផ្នែកហិរញ្ញវត្ថុ
- ភាពឯកាពីសង្គម
- ការប្រើប្រាស់សារធាតុញៀនឬការញៀន
- ភាពតានតឹងផ្លូវអារម្មណ៍ដែលអ្នកអាចមាន។
សូមចូលមើល betterhealth.vic.gov.au/mental-health-and-wellbeing-hubs ឬទូរសព្ទទៅលេខ 1300 375 330 សម្រាប់ព័ត៌មានបន្ថែម។
Updated